រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញទទួល ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីការលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងការពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា–ចិន លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
គណៈប្រតិភូបានទស្សនកិច្ចមន្ទីរពិសោធន៍ជាតិ ដែលបច្ចុប្បន្នបានពង្រីកសមត្ថភាពធ្វើតេស្តវិភាគផ្នែកមីក្រូជីវសាស្ត្រ គីមីសាស្ត្រទឹក គីមីសាស្ត្រម្ហូបអាហារ និងគីមីសាស្ត្រមិនមែនម្ហូបអាហារ ព្រមទាំងបានស្វែងយល់អំពីឧបករណ៍ និងបច្ចេកវិទ្យានានា រួមទាំងឧបករណ៍មន្ទីរពិសោធន៍ដែលជាជំនួយពីភាគីចិន។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់មន្ទីរពិសោធន៍ជាតិនេះ និងបានគូសបញ្ជាក់ពីតួនាទីកាន់តែសំខាន់របស់មន្ទីរពិសោធន៍ ក្នុងការគាំទ្រដល់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។